តោះមកឈ្វេងយល់អំពីន័យពាក្យ មួយចំនួនដែលយើងឧស្សាហ៍ភ័ន្តច្រឡំ

១. វប្បធម៌

  • វប្បធម៌ ការផ្សាំបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើន ដោយវិទ្យាសាស្រ្ត ឬដោយសិល្បៈផ្សេងៗជាដើម ។ ឬនិយាយឲ្យខ្លី វប្បធម៌ គឺជារបៀបរបបរស់នៅរបស់មនុស្សក្នុងសង្គម។

២ សង្គមធម៌

  • សង្គមធម៌ គឺសំគាល់ធម៌ទាំងឡាយណាដែលជាធាតុ វិធី ធម៌ភាពរៀបចំសង្គមមនុស្សឱ្យមានសភាព ទំរង់ និងលក្ខណៈចំរើនលូតលាស់បានសេចក្តីថា រៀបចំសង្គមមនុស្សឱ្យរស់នៅបានស្រួល ប្រកបដោយគ្រឿងសម្ភារៈគ្រប់គ្រាន់ផង សភាពលក្ខណៈល្អប្រសើរថែមទៀតផង។

៣ អរិយធម៌

  • អរិយធម៌សំដៅដល់ ធម៌ទាំងឡាយណាដែលជាសភាព តំលៃការរីកដុះដាល ដ៏ប្រសើរខ្ពង់ខ្ពស់ រុងរឿងថ្លៃថ្នូរ ។ ជួនកាល"អរិយធម៌"សំដៅដល់ យកកំរងសង្គមភាព កម្រងមយិគំនិត ជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់ វិជ្ជាស្យង់ ទស្សនៈវិជ្ជា សិល្បៈ បច្ចេកទេស ឧបករណ៍ប្រើប្រាស់ ....ដែលធ្វើអោយសង្គមលូតលាស់រីកចំរើនខ្ពង់ខ្ពស់ ថ្លៃថ្នូរឆ្ពោះទៅរកគោលដៅជា"ឧត្តមគតិ"

៤ សីលធម៌

  • សីលធម៌ និងតម្លៃមនុស្ស សំដៅយកការប្រតិបត្តិអំពើសុចរិតតាមគន្លងធម៌ អាកប្បកិរិយា សមរម្យដែលសង្គមទទួលស្គាល់ ។ ដូចនេះមនុស្សត្រូវមានសីលធម៌ ចរិយាធម៌ សុជីវធម៌ គោរពច្បាប់ ប្រកាន់ខ្ជាប់អ្វីជាកុសល ដើម្បីរួមរស់ក្នុងសង្គមមួយប្រកបដោយសុវត្ថិភាព និងវឌ្ឍនភាព ។

៥ សុជីវធម៌

  • សុជីវធម៌សម្គាល់ការរស់នៅល្អ មានរបៀបរៀបរយ ចេះគួរសមក្នុងការប្រាស្រ័យទាកទងជាមួយអ្នកដទៃ។

៦ គុណធម៌

  • គុណធម៌មានន័យថា ជាការប្រព្រឹត្ត អំពើល្អប្រសើរ ចំពោះអ្នកដទៃ ដែលជាអំពើ ដែលនាំមកនូវភាពចម្រុងចម្រើន កាន់តែច្រើន ដែលគេផងរាល់គ្នា គោរព កោតសរសើរ ហើយក៏មាន ទឹកចិត្ត កតញ្ញូ ចង់តបស្នង ធ្វើនូវអំពើល្អនោះ ត្រឡប់ទៅវិញ បន្ថែម បន្តទៀត ដោយទឹកចិត្ត ជ្រះថ្លា ពីក្នុងចិត្ត ក្នុងបេះដូងរបស់គេ។ គុណធម៌ គឺជាដំណើរប្រព្រឹត្ត អំពើល្អ របស់មនុស្ស ចំពោះពលរដ្ឋដទៃទៀត ក្នុងសង្គម ដូចជា សង្គមគ្រួសារ សង្គមការងារ សង្គមជាតិ ជាដើម។

៧ សុភាវធម៌

  • សុភាវធម៌ មានន័យថា ជាក្រឹត្យក្រម ច្បាប់វិន័យអប់រំ ដើម្បីអោយមនុស្ស មានដំណើរក្នុងភាព ជាមនុស្សល្អប្រពៃ ប្រសើរ។ ហើយសុភាវធម៌ ចែកចេញជាបីគឺ សុជីវធម៌ សីលធម៌ និងគុណធម៌។

សូមខន្តីអភ័យទោសចំពោះកំហុសឆ្គង